ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់ អ.វ.ត.ក.»
សិក្ខាសាលានេះ សហការរៀបចំដោយទីស្ដីការគណៈរដ្ឋមន្ត្រី និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក. លោកចៅក្រម ម៉ូតុ ណូហ្គូជី (Motoo NOGUCHI) ចៅក្រមបម្រុងអន្តរជាតិនៃអង្គជំនុំជម្រះតុលាការកំពូលនៃអ.វ.ត.ក., ឯកឧត្តម ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានការិយាល័យរដ្ឋបាលស្តីទីនៃអ.វ.ត.ក., ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី តំណាងស្ថានទូតនានា និងតំណាងស្ថាប័ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា អ.វ.ត.ក. គឺជាតុលាការគំរូអន្តរជាតិមួយ ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមអនុវត្តការងារពីអង្គការសហប្រជាជាតិ ព្រមទាំងមានការផ្តល់ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម។ តុលាការនេះបានប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់ គឺកម្ពុជា និងប្រើច្បាប់ចម្រុះទាំងប្រព័ន្ធច្បាប់ Civil Law និងទាំងប្រព័ន្ធច្បាប់ Common Law សម្រាប់ដំណើរការកាត់សេចក្ដីក្នុងគោលដៅពីរដើរទន្ទឹមគ្នា គឺទី១៖ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងទី២៖ ធានាឱ្យបាននូវ និរន្តរភាពនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ជូនជាតិមាតុភូមិ។
លោកសូមគូសបញ្ជាក់នូវតួនាទីដែលមិនអាចកាត់ថ្លៃបានរបស់រដ្ឋាភិបាលជប៉ុន ចាប់តាំងពីដំណើរការកសាងសន្តិភាពនៅកម្ពុជា និងការចូលរួមចំណែកយ៉ាងសកម្ម តាំងពីដំណាក់កាលចចារបង្កើតឱ្យមានតុលាការកូនកាត់នេះ ពោលគឺ ជប៉ុនបានជួយសម្របសម្រួល និងបានជួយទម្លុះភាពទាល់ច្រកទៅលើការខ្វែង គំនិតគ្នារវាងក្រុមការងារចរចារបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីអង្គការសហប្រជាជាតិទាក់ទងនឹងគំរូតុលាការដែលត្រូវបង្កើតឡើង។ រីឯនៅពេលចាប់ផ្តើមដំណើរការកាត់សេចក្តីចាប់ពីឆ្នាំ២០០៦ រហូតទល់ពេលបច្ចុប្បន្ននេះ ជប៉ុនក៏បាននឹងកំពុងបំពេញតួនាទីជាសហប្រធាននៃក្រុមប្រទេសជាមិត្តរបស់ អ.វ.ត.ក. ជាមួយប្រទេសបារាំងក្នុងការជួយសម្របសម្រួល និងកៀគរថវិកា សម្រាប់គាំទ្រដល់ដំណើរការកាត់សេចក្តីដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា គិតរហូតមកទល់ខែតុលា ឆ្នាំ២០២៤នេះ ជប៉ុនបានជាប់ប្រទេសចំណាត់ថ្នាក់ទី១ ដែលបានផ្តល់ថវិកាសរុបចំនួនប្រមាណ៨៨,៥លានដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលស្មើនឹងប្រមាណ២១% នៃចំណាយសរុបចំនួនប្រមាណ ៤១២លានដុល្លារអាម៉េរិក។
ឆ្លៀតក្នុងឱកាសនេះផងដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលតែងបានគាំទ្រទាំងផ្នែកថវិកា និងស្មារតីដល់សាលាក្តីខ្មែរក្រហម រហូតបានបញ្ចប់ដំណើរការនីតិវិធីកាត់សេចក្ដីរបស់ខ្លួនប្រកបដោយជោគជ័យ៕ អត្ថបទដោយ៖ kloem-news