រុក្ខជាតិ បល្ល័ង្ក នពារក្ស​ ឬ ប្រទាល ១០០គុណ, ព្រះ១០០, ផ្ការាំទឹករាំ

 សង្គម
 1 ថ្ងៃមុន
 88

ឈ្មោះខ្មែរ ៖ បល្ល័ង្ក នពារក្ស ឈ្មោះតំបន់ ៖ ប្រទាល ១០០គុណ, ព្រះ១០០, ផ្ការាំទឹករាំ ឈ្មោះវិទ្យាសាស្ត្រ ៖ Balanophora Latisepala ( Tiegh.) Lecomte អំបូរ ៖ Balanophoraceae ឧបតិដ្ឋាន ៖ Borneo, Cambodia, Laos, Malaya, Sumatera, Thailand, Vietnam បរិយាយអំពីរុក្ខជាតិ ៖ បល្ល័ង្កនពារក្ស ឬ យើងអាចហៅតាមឈ្មោះតំបន់ថា ប្រទាល ១០០គុណ, ជាបរាសិតជាតិម្យ៉ាង ដែលច្រើនរស់នៅនិងអាស្រ័យលើរុក្ខជាតិដ៏ទៃជាអ្នកជួយចិញ្ចឹមជីវិតពួកវាដោយការស្រូបយកសារធាតុចិញ្ចឹមតាមប្រព័ន្ធឬសពីរុក្ខជាតិដ៏ទៃ ។ ភូតគាមពួកនេះមានដើមសណ្ឋានដូចផ្កាខ្នុរ ប៉ុន្តែមានពណ៌ស្រស់ជាង និងមានទំហំដើមតូចជាងផ្កាខ្នុរ ដែលមានកម្ពស់ប្រហែល ៦ - ៨សម ។ តួរដើមមានសណ្ឋានលូតលាស់មិនត្រង់ ដុះក្នុងដីដែលមានប្រវែង ២ - ៣សម ស្លឹកមានទំហំតូចល្អិត លូតឆ្លាស់គ្នា និងមានចំនួនប្រហែល ៣ - ៦គូរ ក្នុងមួយដើម, ផ្កាច្រើនលូតចេញជាគុម្ភ មានពណ៌លឿងស្រាល ហើយផ្កាទាំងនេះមានកេសរញីឈ្មោលនៅលើតួរដើមផ្សេងគ្នា ( Dioecious ) គុម្ភផ្កាចាស់ ច្រើនមានសំណំគុម្ភផ្កាលូតច្រើននៅជុំវិញគុម្ភរបស់វាត្រឹមៗដី ដែលជាទូទៅមានចំនួនប្រហែលចាប់ពី ១០ផ្កាឡើង ។ គុម្ភផ្កាឈ្មោលមានសណ្ឋានវែង និងមានរាងស្ទើរការេ ដែលមានប្រវែងចន្លោះពី ៣ - ១០សម និងទទឹង ២ - ៦សម ជាមួយទងផ្កាមានប្រវែងចន្លោះពី ៧ - ១០មីលីម៉ែត្រ ។ តួរផ្កាមានរាងជាកំពូលមុំស្រួច ឬ រាងមូលទ្រវែង ដូចក្រពុំឈូក ដែលមានប្រវែង ប្រហែល ៥មីលីម៉ែត្រ ។ ផ្កាបល្ល័ង្កនពារក្ស មានចំនួនច្រើនដែលរីកក្នុងទងតែមួយ នៅលើតួរផ្កានីមួយៗមានត្របកប្រហែល ៤ - ៥ស្រទាប់ មានពណ៌លឿងស្រាល និងមានទងកេសរឈ្មោលចំនួន ៤ - ៥ទង ដែលលូតស្របតាមបណ្តោយនៃទងផ្កា ។ តួរផ្កាឈ្មោលច្រើនមានរាងសំប៉ែត្រជ្រុង មានប្រវែងចន្លោះពី ២.៥ - ៥មីលីម៉ែត្រ ផ្នែងទងកេសរក្រោមមានរាងដូចក្រចកសេះ ។ ចំនែកគុម្ភផ្កាញីមានរាងពងក្រពើ បើមើលពីចម្ងាយមានសណ្ឋានដូចស៊ុត តួរផ្កាមានពណ៌ក្រហមត្នោត ឬ ក្រហម និងមានប្រវែងចន្លោះពី ១ - ៦សម ទទឹង ១ - ៤សម ដែលមានផ្កាតូចៗរីកនៅលើកន្សោមទងតែមួយ ។ ផ្កាបល្ល័ង្កនពារក្ស ច្រើនមានដុះនៅក្នុងបណ្តាប្រទេសមួយចំនួនដូចជា ម៉ាលេស៊ី, ឥណ្ឌូនេស៊ី នៅបណ្តុំកោះប័រនេអូ និងបណ្តាប្រទេសមួយចំនួនទៀតក្នុងទ្វិបអាស៊ីអាគ្នេយ៍ ។ នៅប្រទេសកម្ពុជាយើង ដើមនេះមានវត្តមាននៅតាមតំបន់ព្រៃធំស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់ព្រៃដែលមានសំណើមខ្ពស់ ក្នុងរយៈកម្ពស់រហូតដល់ចាប់ពី ២០០ - ១៥០០ម ពីនេវូទឹកសមុទ្រ ។ រដូវផ្ការីកគឺស្ថិតនៅចន្លោះខែ វិច្ឆិកា ដល់ កុម្ភៈ ។ ការប្រើប្រាស់ ៖ នៅប្រទេសកម្ពុជាយើង ដើម ១០០គុណនេះពុំទាន់មានការសិក្សាណាមួយដែលនិយាយអំពីអត្ថប្រយោជន៍របស់វានៅឡើយទេ ។ ដោយភាគច្រើនវាត្រូវបានអ្នកភូមិគាស់ប្រមូលលក់ទៅអោយឈ្មួញជនជាតិវៀតណាមយ៉ាងអណាធិបតេយ្យសម្រាប់លក់នាំចេញទៅប្រទេសចិនបន្ត ក្នុងមួយគីឡូ ១០$ ។ មើមរបស់ដើម បល្ល័ង្កនពារក្ស មានជាតិក្រមួនច្រើន នៅស្រុកជ្វា គេនិយមយកចំរាញធ្វើជាប្រេងសម្រាប់ដុតក្នុងចង្កៀង ។ ផ្នែកឱសថបុរាណ ៖ យោងតាមក្បួនឱសថបុរាណចិន ដើមបល្ល័ង្កនពារក្សនេះនៅប្រទេសចិនគេយកទៅធ្វើឱសថព្យាបាលជម្ងឺច្រើនមុខណាស់ដូចជា ៖ + ជាថ្នាំសម្រាប់ ប៉ូវកំលាំង + ជួយរក្សាតុល្យភាពកំរិតជាតិស្ករនៅក្នុងឈាម ( ជម្ងឺលើសឈាម ) + ជួយព្យាបាល និងបង្កើនសមត្ថភាពផ្លូវភេទសម្រាប់បុរស + ជាឱសថជួយបំបាត់ការឈឺចាប់ និងប្រឆាំងនឹងការរលាក + ជាឱសថព្យាបាលខ្ទាំក្នុង + ជាថ្នាំព្យាបាលបញ្ហាក្រពះពោះវៀន នៅប្រទេសវៀតណាម ជនជាតិភាគតិចដែលរស់នៅតំបន់ភ្នំ Ninh Thuan ប្រើប្រាស់ដើមរុក្ខជាតិនេះដើម្បីព្យាបាលជំងឺ ក្រពះពោះវៀន ។ + យោងតាមក្បួនឱសថបុរាណសៀម ដើមបល្ល័ង្កនពារក្ស គេយកទៅធ្វើជាឱសថព្យាបាល រោគសើរស្បែក, ព្យាបាលជម្ងឺមហារីក, និងព្យាបាលរោគហឺតផងដែរ ។ ស្ថានភាពអភិរក្ស ៖ បច្ចុប្បន្ន ដើមបល្ល័ង្កនពារក្សនេះត្រូវបានក្រុមឈ្មួយទុចរិត គាស់កាប់ជួយដូរលក់ទៅកាន់ប្រទេសជិតខាងយ៉ាងអណាធិបតេយ្យ ដោយគ្មានការត្រួតពិនិត្យអោយបានត្រឹមត្រូវឡើយ ។ ដូច្នេះហើយសូមបងប្អូនមេត្តាជួយអភិរក្សប្រភេទរុក្ខជាតិកម្រមួយនេះផង ដើម្បីទុកជាប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវទៅថ្ងៃក្រោយ ។ Scientific Name : Balanophora Latisepala ( Tiegh.) Lecomte Khmer Name : Balang Nopeareak Area Name : Broteal Muyroy Kun, Preah Muyroy, Pka Ram Tek Ram Family : Balnophoraceae Origin : Borneo, Cambodia, Laos, Malaya, Sumatera, Thailand, Vietnam Plant Description : Balanophora Latisepala is a parasitic plant that lives on other plants and competes for nutrients from their roots. It resembles the jackfruit flower but has a lighter color and is smaller, about 6-8 cm in height. The stem is a rough, underground mass, about 2-3 cm in size. The leaves are small, opposite, and arranged in 3-6 pairs. The flowers are in clusters and light yellow in color, with male and female flowers on separate plants. The mature flower clusters send a stalk above the soil, either grouped or in clusters, often with more than 10 flowers.

អត្ថបទដោយ៖ kloem-news