ប្រធានសិទ្ធមនុស្សកម្ពុជាចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកកាន់ខេត្តឧត្តរមានជ័យ គឺមានសារៈសំខាន់ណាស់ ក្នុងការលើកទឹកចិត្តជាយុទ្ធសាស្ត្រដល់កងទ័ព និងពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
សិក្ខាសាលានេះបានប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម ហោ ជិនវិរៈយុទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត ចៅក្រម តំណាងអយ្យការ កងរាជអាវុធហត្ថ នគរបាល តំណាងពន្ធនាគារ ជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងអង្គការសង្គមស៊ីវិល ដែលមានចំនួនសរុបប្រមាណជាង ៣០០នាក់។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការសរសើរចំពោះការរីកចម្រើននូវហេដ្ឋារចនាសម្ព័ននានានៅទូទាំងខេត្តឧត្តរមានជ័យដែលជាចរន្តក្នុងការអភិវឌ្ឍជាពិសេសវិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មកកាន់ខេត្តឧត្តរមានជ័យនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធជននៅតាមបណ្តោយព្រំដែន ដែលនេះជាកត្តាមួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ច ក៏ដូចជាវិស័យទេសចរណ៍ សម្រាប់ខេត្តជាប់ព្រំដែនឱ្យមានសក្តានុពលកាន់តែល្អប្រសើរផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការគោរព និងការការពារសិទ្ធិមនុស្សដោយគ្មានការរើសអើង តាំងពីការដឹកនាំរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តួយ៉ាង ការអនុញ្ញាតឱ្យនាវាវេស្តឺដាមចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលប្រទេសជាច្រើនមានការរើសអើងមិនអនុញ្ញាតិឱ្យចូលចត គឺជាការឆ្លុះបញ្ចាំង និងគូសបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការគោរព ឱ្យតម្លៃ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋាននៅកម្ពុជា ជាពិសេសសិទ្ធិរស់រានមានជីវិត។ ទន្ទឹមនឹងនេះ ការដាក់ចេញកម្មវិធីផ្តល់ដីជូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ របស់រាជរដ្ឋាភិបាល ការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស ជាពីសេសសិទ្ធិមានលំនៅដ្ឋាន សិទ្ធិមានជីវភាពសមរម្យជាដើម។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលានៅពេលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមជាមួយការបង្ហាញពីយន្តការ វិធានការ ព្រមទាំងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងក្របខណ្ឌនៃការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា។ ការធ្វើសិក្ខាសាលាផ្សព្វផ្សាយនេះ បង្ហាញឱ្យឃើញផងដែរពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យអង្គភាព ថ្នាក់ក្រោមជាតិបានយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើផ្នែកសិទ្ធិមនុស្ស ដើម្បីជាមូលដ្ឋានក្នុងការឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងប្រាសចាកពីការពិត ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។
ឯកឧត្តមមានក្តីរំពឹងយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្ម ដល់ចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានេះ ដើម្បីទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា៕ អត្ថបទដោយ៖ kloem-news