សម្តេចតេជោ ហ៊ុន សែន៖ (សង្ខារមិនទៀងតែការស្លាប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយ បើទោះមិនចង់ទទួលក៏ត្រូវតែ ទទួលយកការពិតនេះដែរ។

 សង្គម
 ២៨ មីនា ២០២៥
 72
បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។ ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេ ព្រោះគាត់កំពុងទទួលការព្យាបាល ដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។ ១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ទទួលមរណភាព ភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្ត បោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយ ពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាស ឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការ សិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទី ដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រម ធម្មជាតិដែលមិនអាចចៀសវាងបាន។

អត្ថបទដោយ៖ kloem-news