កងទ័ពរំដោះប្រជាជនចិនរួមចំណែកលើកកម្ពស់គុណភាពសិក្សានៅជនបទ
លោកវរសេនីយ៍ឯក Chen Yajun តំណាងកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា៖ «កងទ័ពរំដោះប្រជាជនចិនមានកិត្តិយសយ៉ាងខ្លាំងក្នុងការចូលរួមចំណែកគាំទ្រដល់ការអប់រំរបស់កុមារកម្ពុជាដែលជាអនាគតរបស់ជាតិ។ សកម្មភាពនេះបង្ហាញពីចំណងកាន់តែរឹងមាំរួមគ្នានៃទំនាក់ទំនងយូរអង្វែងដែលមិនត្រឹមរវាងកងទ័ពនៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើនមេត្រីភាពនៃកល្យាណមិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត»។
លោកស្រី ហែម សាវេត អភិបាលរងស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា កងទ័ពរំដោះប្រជាជនចិនមិនត្រឹមតែជាដៃគូសហការផ្នែកយោធាជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងក្របខណ្ឌសមយុទ្ធ«នាគមាស២០២៥»ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូមនុស្សធម៌ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍជនបទ និងការរួមចំណែកលើកកម្ពស់គុណភាពអប់ំរំដល់សិស្សានុសិស្សកម្ពុជាថែមទៀតផងដែរ។
ក្នុងនាមជាអ្នកសម្របសម្រួលដល់សកម្មភាពមនុស្សធម៌នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា «សកម្មភាពនេះជាផ្នែកមួយនៃការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ និងបញ្ជាក់ពីកិច្ចសហការល្អរវាងកងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនផងដែរ»។ លោកបណ្ឌិតបានបន្ថែមថា ក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី សមយុទ្ធ«នាគមាស»ដែលបានរៀបចំជាប្រចាំឆ្នាំរយៈពេល៧ឆ្នាំមកហើយរវាងកងទ័ពប្រទេសយើងទាំងពីរ កម្ពុជានិងចិន មិនត្រឹមជាការបង្កើនទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំថែមទៀតលើវិស័យយោធាដើម្បីចូលរួមចំណែកថែរក្សាសន្តិសុខក្នុងតំបន់ និងសកលលោកប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពីភាពជិតស្និទ្ធ បំណងល្អ និងការចងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រជាជនកម្ពុជានិងចិនតាមរយៈភក្តីភាពចំពោះសន្តិភាព និងសុភមង្គលសង្គមថែមទៀតផង៕ អត្ថបទដោយ៖ kloem-news