អ្នកនាំពាក្យការពារជាតិកម្ពុជា៖ ជិតចូលចូលនិវត្តន៍ទៅហើយ មេភូមិភាគ២ថៃ នៅបង្ហាញទង្វើប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន
កាលពីថ្ងៃទី១០ ខែសីហា មេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ថ្ងៃទៀត។ តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា ផែនការនោះ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន ដោយវាបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។
បណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់ស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ទាំងនេះ គឺជាចេតនាដែលបុគ្គល ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសមុនអស់អំណាចនៅភូមិភាគ២។
«ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី»។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃយ៉ាងដូច្នេះ ដោយរំលឹកថា ក្នុងកិច្ចប្រជុំវិសាមញ្ញ GBC, កម្ពុជា-ថៃបានឯកភាពគ្នា ជាពិសេស ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។
តាមសេចក្តីប្រកាសព័ត៌មាននេះដែរ អ្នកនាំពាក្យការពារជាតិ បានគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ របស់កម្ពុជា ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយសង្ឃឹមថាថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកប ដោយភាព ស្មោះត្រង់។
ក្រសួងការពារជាតិ បន្តអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំ ប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ ហើយជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ។
កន្លងមក សកម្មភាពគឃ្លើនដែលថៃបានប្រព្រឹត្តជាបន្តបន្ទាប់មានដូចជា ការលួចដាក់បន្លាលួស ជាដើម ដោយក្រសួងការពារជាតិប្រាប់ឱ្យបញ្ឈប់រាល់អំពើរំលោភបំពាននេះ ដោយរុះរើ ចេញឱ្យអស់ជាបន្ទាន់ពី ដែនអធិបតេយ្យរបស់កម្ពុជា។
«ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែ ប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ៕ អត្ថបទដោយ៖ kloem-news