គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖​ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗក្នុងការពង្រឹងសិទ្ធិមនុស្សអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន​

 សង្គម
 ២៨ តុលា ២០២៤
 73

រាជធានីភ្នំពេញ,ថ្ងៃទី២៨-២៩ ខែតុលាឆ្នាំ២០២៤

ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានដឹកនាំក្រុមការងារអាយឆា-កម្ពុជា រៀបចំកិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការចែករំលែកការអនុវត្តល្អៗ ក្នុងការពង្រឹងសិទ្ធិមនុស្សក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងតំបន់អាស៊ាន​ នៅសណ្ឋាគារ Sun and Moon Riverside ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងមានការអញ្ជើញចូលរួមពី តំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា បណ្តាស្ថាប័នតាមវិស័យរបស់អាស៊ាន លេខាធិការដ្ឋានអាស៊ាន តំណាងមកពីប្រទេសសមាជិកអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ វិទ្យាស្ថាននីតិអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន​ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា បណ្ដាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា ចំនួនជិត១០០នាក់។​

កិច្ចសន្ទនានេះនឹងក្លាយជាវេទិកាដែលប្រមូលផ្ដុំអ្នកជំនាញមកពីវិស័យនិងស្ថាប័នផ្សេងគ្នា ចូលមកធ្វើការផ្លាស់ប្ដូរ និងចែករំលែកនូវការអនុវត្តល្អៗ ចំណេះដឹង និងបទពិសោធន៍នានា ពាក់ព័ន្ធនឹងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងវិបត្តិនានា ព្រមទាំងការចងក្រងជាឯកសារនៃការអនុវត្តល្អៗ ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស អំឡុងពេលជំងឺរាតត្បាតក្នុងតំបន់អាស៊ាន និងចំពោះវិបត្តិ ឬស្ថានភាពបន្ទាន់ណាមួយនាពេលអនាគត។​ ចំពោះព្រឹត្តិការណ៍នេះ នឹងផ្ដោតសំខាន់លើការចែករំលែកការអនុវត្តល្អៗ លើការលើកកម្ពស់សិទ្ធិទទួលបានការអប់រំ សិទ្ធិការងារ សិទ្ធិទទួលបានសុខភាពល្អ សិទ្ធិទទួលបានព័ត៌មាន​ និងឯកជនភាព ក៏ដូចជាការគាំពារសង្គម។

អត្ថបទដោយ៖ kloem-news